Not1More (N1M) គឺជាក្រុមអ្នកធ្វើយុទ្ធនាការណ៍ដើម្បីបរិស្ថាន ដែលធ្វើការគាំទ្រដល់សកម្មជនបរិស្ថានឈានមុខ និងធ្វើការស៊ើបអង្កេតទៅលើឬសគល់នៃវិវាទបញ្ហាបរិស្ថាន។ Not1More (N1M) ត្រូវបានដំណើរការនៅឆ្នាំ២០១៦ក្រោមគំនិតផ្តួចផ្តើមនៃស្ត្រីបីរូប ដែលជាសហស្ថាបនិក ជាមួយនិងវត្ថុបំណងដើម្បីអភិវឌ្ឍន៍នូវគំនិតឆ្នៃប្រឌិត សមភាព និងផ្អែកលើភ័ស្តុតាងជាចំបងនៅក្នុងយុទ្ធសាស្ត្រ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗនាបច្ចុប្បន្ននេះ។ ធ្វើការពាំនាំនូវការគាំទ្រជាសកល ព្រមទាំងអ្នកជំនាញ ដើម្បីគាំទ្រដល់សកម្មជនការពារបរិស្ថានឈានមុខ, N1M ក៏នឹងធ្វើការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មបរិស្ថាន ព្រមទាំងធ្វើការជិតស្និតជាមួយក្រុមអ្នកការពារបរិស្ថាន និងបណ្តាសហគមន៍ដែលងាយទទួលរងនូវហានិភ័យនៅក្នុងប្រទេសកម្ពុជា អាហ្វ្រិកខាងលិច និងប្រទេសប្រេស៊ីល។

គោលបំណងរបស់យើងគឺដើម្បីធ្វើការគាំទ្រដល់សកម្មជនបរិស្ថានដែលងាយទទួលរងនូវហានិភ័យ និងមិនភ័យខ្លាចទៅនឹងការគម្រាមកំហែងព្រមទាំងការបំភិតបំភ័យ ដើម្បីធ្វើការការពារធនធានធម្មជាតិ។ ការការពារធនធានធម្មជាតិគឺជាការងារដ៏មានសារៈសំខាន់ដែលមនុស្សគ្រប់គ្នាអាចធ្វើបាន ហើយវាមិនគួរជារឿងដែលមានភាពគ្រោះថ្នាក់ជាងគេនោះទេ។

លោកឈុត វុទ្ធី, អ្នកការពារព្រៃឈើនៅកម្ពុជាបាននិយាយថា “ព្រៃឈើគឺប្រៀបដូចជាស្បែកដែលបានការពារនូវរាងកាយរបស់យើង បើសិនជាគ្មានវាយើងមិនអាចរស់បានទេ”។ នៅក្នុងឆ្នាំ២០១២ លោកឈុត វុទ្ធី បានធ្វើការចុះស៊ើបអង្កេតទៅលើទីតាំងកាប់ឈើខុសច្បាប់ ដែលមានទីតាំងស្ថិតនៅតំបន់ជួរភ្នំក្រវាញ។ ក្រុមទាហានដែលជាសន្តិសុខយាមកាមរបស់ក្រុមហ៊ុនបានមកឃាត់ឡានរបស់គាត់ ព្រមទាំងដណ្តើមយកកាមេរ៉ាពីក្រុមអ្នកស៊ើបអង្កេត ខណៈពេលនោះភាពតានតឹងបានកើតឡើង ហើយលោកឈុតវុទ្ធីក៏ត្រូវបានគេបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើងបានហោះទម្លុះទ្វាឡានតម្រង់ទៅរកទីដែលលោកកំពុងអង្គុយក្នុងឡាន។

ក្រុមអ្នកការពារបរិស្ថានបានប្តេជ្ញាចិត្តលះបង់នូវពេលវេលា ធនធានផ្ទាល់ខ្លួន ការងារ និងសូម្បីតែសេរីភាពរបស់ពួកគេដើម្បីធ្វើការការពារនូវធនធានធម្មជាតិ។ ពួកគេបានអនុវត្តន៍បែបនេះដើម្បីការពារបរិស្ថានពីការបំពុលតាមបែបគ្រប់រូបភាព។

ក៏ប៉ុន្តែក្រុមមនុស្សដែលបានចូលរួមជួយការពារនូវពិភពលោកដ៏ស្រស់ស្អាតរបស់ពួកយើង បានប្រឈមមុខទៅនឹងអំពើរហឹង្សាសងសឹកទៅលើពួកគេពីសំណាក់អ្នកមានឥទ្ធិពល។

នៅក្នុងមួយសប្តាហ៍អ្នកការពារបរិស្ថានចំនួនបួនរូបត្រូវបានគេសម្លាប់ (គិតទូទាំងពិភពលោក) នៅក្នុងប្រទេសកម្ពុជា ស្ថានភាពកាន់តែមានសភាពអាក្រក់ទៅតាំងតែពីលោកឈុត វុទ្ធីត្រូវបានគេសម្លាប់។ សង្គមស៊ីវិល ក្រុមអ្នកការពារបរិស្ថាននិងសិទ្ធិមនុស្ស ព្រមទាំងអ្នកនយោបាយត្រូវបានរងការវាយប្រហារជាបន្តបន្ទាប់ទាំងលើរូបរាងកាយ និងចំណាត់ការផ្លូវច្បាប់។ ក្រុមសកម្មជនបរិស្ថានដ៏ក្លាហានដែលបានធ្វើការតស៊ូដើម្បីការពារព្រៃកោងកាងពីសកម្មភាពបូមខ្សាច់យ៉ាងអណាធិបតេយ្យនៅក្នុងខេត្ត្កកោះកុងនៃប្រទេសកម្ពុជា ត្រូវទទួលទោសព្រហ្មទណ្ឌ ក៏ប៉ុន្តែពួកគេនៅតែបន្តធ្វើយុទ្ធនាការណ៍ដើម្បីទាមទារអោយមានការដោះលែង និងបន្តធ្វើការការពារបរិស្ថាននិងធនធានធម្មជាតិ។ ពួកគេក៏ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ទៅលើជោគជ័យសំខាន់ៗមួយចំនួនផងដែរ។

សូមក្រោកឈរឡើងដើម្បីការពារធនធានធម្មជាតិរបស់ពួកយើងអោយមានសុវត្ថិភាព និងរួចផុតពីការបំផ្លិចបំផ្លាញ។